ដំណាំហូបផ្លែ-ដាំ​ឪឡឹក​នៅ​តំបន់​ខ្ពង់រាប​


ចំពោះ ​បទពិសោធន៍​នៃ​ការដាំ​ឪឡឹក​យើងខ្ញុំ​បាន​ចុះផ្សាយ​ជាច្រើន​មក​ហើយ ប៉ុន្តែ​ជា​បទពិសោធន៍​នៅ​តំបន់​ទំនាប ។ នៅ​លេខ​នេះ ខ្ញុំ​សូម​បង្ហាញ​ជូន​បទពិសោធ​ន៍​នៃ​ការដាំ​ឪឡឹក​នៅ​តំបន់​ខ្ពង់រាប​វិញ​ ម្តង បទពិសោធន៍​នេះ​ជា​របស់​លោក​ពូ នាង បូរី រស់​នៅក្នុង​ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគីរី។ គាត់​ដាំ​ឪឡឹក​បាន​ទទួល​ផល​យ៉ាងច្រើន
១. ការរៀបចំ​ដី :
ដោយសារ ​នៅ​តំបន់​ដែល​លោកពូ​រស់នៅ ជា​តំបន់​ព្រៃ​ភ្នំ​ដូច្នេះ​មាន​ការពិបាក​ក្នុងការ​ភ្ជួរ​រាស់​មុន​ដាំ លោកពូ​បាន​កាប់​​ឆ្ការព្រៃ ដុត​កាកសំណល់​រុក្ខជាតិ ។ បន្ទាប់​មក​កាប់​រណ្តៅ​ជា​ជួរ​ហាល​ចោល​ចំនួន ៥ ថ្ងៃ ទើប​យក​ជី​ទៅ​ច្របល់​ដាក់​ក្នុង​រណ្តៅ​​ដាំ​តែម្តង ។ ចំពោះ​ជី គាត់​លាយ​លាមក​គោ​ចំនួន ១ គីឡូ​កន្លះ ផេះ​កន្លះ​គី​ឡូ និង​ជីអ៊ុយរ៉េ និង​លាយ​ជី​ខ្មៅ(១៦-២០-០)ចំនួន៣​ខាំដាក់​ក្នុង ១ រណ្តៅ ។ តែ​ជី​ទាំងអស់​នេះ​លាយ​ក្នុងពេល​តែមួយ មុន​នឹង​យកទៅ​ដាក់​ក្នុង​រណ្តៅ ។​
២. របៀប​ដាំ :
ក្នុង ​ការដាំ​លោកពូ​បាន​កប់​គ្រាប់​ចំនួន ៦ គ្រាប់ ក្នុង​មួយ​រណ្តៅ​លុះដល់​ពេល​គាត់​ដកចេញ​ទុក​តែដើ​មណា ដែល​ថ្លោស​​រឹងមាំ​ល្អ ៣ ដើម​ក្នុង ១ រណ្តៅ ។ ចំពោះ​គំលាត​គុម្ព​ពី​រណ្តៅ​មួយ​ទៅ​មួយ ៧ តឹក និង​ពី​ជួរ​មួយ​ទៅមួយ ៧ តឹក ដែរ ។​
៣. របៀប​ថែទាំ :
បន្ទាប់ ​ពី​ដាំ​បាន​រយៈពេល ១៨ ថ្ងៃ គាត់​បាន​ថែម​ជី​កែង​មួយ​រណ្តៅ ២​ស្លាបព្រា​បាយ​រោយ​ជុំវិញ​រណ្តៅ​ដោយ​ឲ្យ​ឃ្លាត​​ពី​គល់​បន្តិច ។ រយៈពេល ១០ ថ្ងៃ​ក្រោយ​ពី​ដាក់​ជី គាត់​បាន​ស្រោច​ជី​ទឹក ដែល​បាន​ផ្សំ​ពី​ផេះ និង​ជី​កែង ដោយ​ផ្សំ​ជី​កែង​ចំនួន ២.៥​គីឡូក្រាម ផេះ ៤ គីឡូក្រាម និង​ទឹក ៣០ លីត្រ ។
ក្រោយ​ពេល​ដាំ​បាន​រយៈពេល ៣៥ ថ្ងៃ គាត់​ចាប់ផ្តើម​ដើរកាត់​ត្រួយ​ចេញ (​ត្រួយ​ដើម​មេ​ក៏​កាត់ចោល​ដែរ​) ដោយ​ក្នុង ១ ដើម ទុក​តែ ២ ខ្នែង​ខាងដើម ។ ការ​កាត់​ត្រួយ​នេះ ដើម្បី​កុំឲ្យ​ដើមដង​លូតលាស់​ល្អពេក ឲ្យ​ជី​ទៅ​ចិញ្ចឹម​ដល់​ផ្លែ ហើយ​ខ្នែង​​បន្ទាប់​ទៀត ។ ជាពិសេស​ទៅទៀត នៅពេល​ឪឡឹក​ចេញ​ផ្លែ គាត់​ទុក​ផ្លែ​តែមួយ​ប៉ុណ្ណោះ​ក្នុង ១ ដើម ទោះបី​ផ្លែ​ទាំងនោះ​មាន​ទំហំ​​ប៉ុនគ្នា​ក៏ដោយ ។ ចំពោះ​ការ​បោចស្មៅ និង​ស្រោច​ទឹក​គាត់​បាន​ធ្វើ និង​ស្រោច​ជា​រៀងរាល់ថ្ងៃ ព្រឹក​-​ល្ងាច​ចាប់តាំងពី​ពេល​ដាំ​រហូត​​ដល់​មុន​បេះ​ផ្លែ ៥ ថ្ងៃ ។​
៤. ការប្រមូល​ផល :
ដំណាំ ​ឪឡឹក​អាច​ប្រមូល​ផល​ក្រោយពី​ដាំ​បាន​រយៈពេល ៦០ ថ្ងៃ ។ ក្នុង​ការប្រមូល​ផល លោកពូ​ទទួលបាន​ជា​មធ្យម ៣ ផ្លែ​ធំៗ ក្នុង​មួយ​រណ្តៅ ព្រោះ​មួយ​រណ្តៅ​មាន ៣ ដើម ។ ការខូចខាត​គឺមាន​ខ្លះ​ដោយសារ​ឪឡឹក​ទទួល​នូវ​ជំងឺ តែ​ទោះ​បី​យ៉ាង​​ណាក៏ដោយ​ឪឡឹក​របស់​លោក​ពូ​បាន​ទទួលផល​ល្អប្រសើរ ហើយ​ពុំ​សូវ​មាន​ជំងឺ ឬ​ការខូចខាត​គួរឲ្យ​ចាប់អារម្មណ៍​ទេ ។​
​សរុបមក បច្ចេកទេស​ដាំ​ឪឡឹក​របស់​លោក​ពូ មាន​:
  • កាប់​រណ្តៅ​ជា​ជួរ​ហាល​ចោល​ចំនួន ៥ ថ្ងៃ
  • ដាក់​ជី​ទ្រាប់​បាត​លាមក​គោ និង​ជីគីមី​ខ្លះ​មុន​ដាំ​
  • ពេល​កូន​ឪឡឹក​ដុះ​ត្រូវ​ដក​រំ​លោះ​កូន​ចេញ​ខ្លះ ទុក​តែ ២ ទៅ ៣ ដើម​ក្នុង​មួយ​រណ្តៅ​
  • ប្រើ​ជី​បំប៉ន​នៅពេល​ឪឡឹក​អាយុ​បាន ១៨ ថ្ងៃ (​ផេះ + ជី​កែង​)
  • ឪឡឹក​អាយុ​បាន ៣៥ ថ្ងៃ កាត់​ត្រួយ​ចេញ ទុក​តែ ២ ខ្នែង​ខាងដើម​
  • ផ្លែ​ក្នុង​មួ​យ​ដើម​ទុក​តែ​មួយ ដោយ​ជ្រើសរើស​ផ្លែ​ណា​ដែល​ល្អ ធំជាងគេ
  • ស្រោច​ទឹក​រៀងរាល់ថ្ងៃ ព្រឹកល្ងាច ចាប់ពី​ដាំ​រហូតដល់​មុន​បេះ​ផ្លែ ៥ ថ្ងៃ ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍) ITCambo
Previous
Next Post »
Post a Comment
Thanks for your comment