ការដាំដុះ- ដាំជីគ្រប់មុខ


បងស្រី ខា ថា ជាកសិកររស់នៅភូមិហាខូបា សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំជីគ្រប់មុខ (ជីនាងវង ម្រះព្រៅ ជីពងទាកូន ឬជីថ្ពាល់ត្រី…) ទទួលបានលទ្ធផលល្អ ដែលបទពិសោធន៍នេះ យើងសូមបង្ហាញជូនដូចខាងក្រោម :
១. ការរៀបចំថ្នាល និងការសាបគ្រាប់
ដើម្បីជំរុញឲ្យការដាំដុះមានលក្ខណៈល្អ គាត់បានរៀបចំថ្នាលសំរាប់បណ្តុះដោយលាយនូវសារធាតុដូចជា ផេះ និងអង្កាមពុកផុយ ដោយយកទៅច្របល់លាយជាមួយដីឲ្យសព្វ រួចស្រោចទឹកឲ្យសើមៗ បន្ទាប់មកកាប់លើកជារង សំរាប់ដាំដោយមានបណ្តោយ ១០ម៉ែត្រ និងទទឹង ០,៨ម៉ែត្រ មានចំនួន ១០រង ហើយដាំជីឆ្លាស់មុខផ្សេងៗគ្នា ។
២. ការរៀបចំដីសំរាប់ដាំ និងការដាំ
  • ការរៀបចំដីដាំ : កាប់បំផុសដីចំនួន ២សា នៅលើកទី១ កាប់ហាលចោលរយៈពេល ១០ថ្ងៃ និងលើកទី២ កាប់ដីលើកជារងសំរាប់ដាំ ។ នៅពេលកាប់លើរងដាំ គាត់បានយកជីលាមកសត្វពុកផុយទៅរោយពីលើ រួចកាប់ត្រឡប់ចុះឡើងរហូតចូលសព្វទៅក្នុងដី ទើបយកកូនទៅដាក់ដាំ ។ ចំពោះការដាំមានលក្ខណៈខុសៗគ្នាបន្តិចគឺ:
  • ការដាំជីនាងវង: ចំពោះរបៀបដាំគឺគាត់ដាំដោយព្រោះគ្រាប់នៅលើថ្នាល ១៥ថ្ងៃក្រោយមកគាត់ដកយកកូនទៅដាំលើរង ។ វិធីម៉្យាងទៀតអាចដាំដោយដើមក៏បាន ។ ប៉ុន្តែការដាំដោយគ្រាប់ និងដើមគឺខុសគ្នាបន្តិចដោយការដាំដោយដើមលូតលាស់លឿន តែរហ័សងាប់ដើមទៅវិញ ។ តែការដាំដោយគ្រាប់លូតលាត់បានយូរ ។
  • ការដាំជីម្រះព្រៅ: ម្រះព្រៅ គឺដាំដោយព្រោះគ្រាប់ ហើយរយៈពេលដុះលូតលាស់ចំនួន ១០ថ្ងៃ ទើបដកកូនយកទៅដាំនៅក្នុងថ្នាល ។
៣. ការថែទាំ
ការស្រោចទឹក:
បន្ទាប់ពីដាំរួច គាត់បានស្រោចទឹកជាប់ជាប្រចាំមួយថ្ងៃម្តងៗ (សំរាប់រដូវប្រាំងតែចំពោះរដូវវស្សាវិញ គឺស្រោចទឹកទៅតាមស្ថានភាពដីស្ងួត ឬសើម) ។ ទឹកជីរបស់គាត់ផ្សំឡើងដោយសារធាតុជាច្រើនដូចខាងក្រោម:
ធាតុផ្សំ
  • ទន្រ្ទានខែត្រចំនួន ១បាច់ ស្មើនឹង ៥គីឡូក្រាម
  • អាចម៍គោ ២បង្គី
  • លាមកមាន់ ១០គីឡូក្រាម
  • ផេះ ១០គីឡូក្រាម
  • ក្បាលត្រី ៥គីឡូក្រាម
  • ទឹកនោមគោ ១០០លីត្រ
  • សារធាតុផ្សំសំរាប់បន្ថែមពីខាងក្រៅមានដូចជា ពោះវៀនមាន់ ផ្លែឈើទុំ ក្តាម ខ្យង ពស់ កង្កែបជាដើម ។
របៀបធ្វើ
យកសារធាតុផ្សំទាំងអស់ច្របល់ឲ្យសព្វច្រកចូលទៅក្នុងការុងចងមាត់ឲ្យជិត ។ យកសារធាតុនោះទៅដាក់ចូលទៅក្នុងពាង រួចចាក់ទឹកនោមគោចូលទៅក្នុងពាង (ដាក់ទឹកនោមគោសុទ្ធ) ត្រាំរហូតដល់រយៈពេល ១០ថ្ងៃ ទើបយកទៅប្រើ ។
របៀបប្រើ
ក្រោយរយៈពេល ១០ថ្ងៃ គាត់បានយកទឹកថ្នាំ ១កំប៉ុង ទឹកដោះគោលាយជាមួយទឹក ១០លីត្រ ស្រោចទៅលើដំណាំរាល់ ៣ថ្ងៃម្តង ។ នៅពេលដំណាំបានរយៈពេល ១ខែ ត្រូវជ្រុំជ្រោយគល់ដំណាំម្តង ដើម្បីកុំឲ្យដីហាប់ណែននាំឲ្យកូនជីលូតលាស់មិនល្អ ។
1៤. ការប្រមូលផល
ជីគ្រប់មុខនេះ គឺគាត់បានដាំពេញ ១ ឆ្នាំ ប៉ុនែ្តប្រមូលផលបណា្តក់រាល់ថ្ងៃ សំរាប់រដូវវស្សា។ រដូវប្រាំងប្រមូលផលបាន ១ សប្តាហ៍ម្តង។ ការប្រមូលផលគឺកាត់ដល់គល់ឲ្យវា លាស់បន្ត។ សរុបទៅលើផ្ទៃដី ៨ ម៉ែត្រការ៉េ ក្នុង ១ ឆ្នាំ គាត់ទទួលបានប្រាក់ចំណូល ពី២,៥ ទៅ ៣ លានរៀល ដោយមិនគិតពីការបរិភោគក្នុងគ្រួសារ និងចែកអ្នកជិតខាងផង។
សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំជីគ្រប់មុខមាន :
  • រៀបចំថា្នលសាបគ្រាប់ដោយលាមកសត្វពុកផុយ ច្របល់លាយជាមួយដី
  • សាបគ្រាប់លើថ្នាល និងថែទាំស្រោចបំប៉នជីទឹកឲ្យកូនដំណាំឆាប់លូតលាស់
  • ដកកូនដំណាំទៅដាំនៅក្នុងថា្នល ដោយទុកចន្លោះគុម្ពសមស្រប ដើម្បីងាយស្រួលធ្វើស្មៅ និងទទួលពន្លឺគ្រប់គ្រាន់ ពិសេសបែកមែកច្រើន
  • ស្រោចទឹកុជីបំប៉នរាល់ ៧ ថ្ងៃម្តង ដើម្បីឲ្យកូនដំណាំលូតលាស់ល្អ។
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក) 
ប្រភព៖itcambo.com
Previous
Next Post »
Post a Comment
Thanks for your comment