ការដាំដុះ- ដំណាំសាឡាដ​ហ្ស​ង


សាលាដ៍ ​ហ្ស​ង ជា​រុក្ខជាតិ​មួយបែប​មាន​ដុះ​ដោយ​ឯកឯង និង​ដោយ​ការដាំ​នៅ​ទ្វីប​អ៊ឺរ៉ុប និង​នៅ​អាមេរិក​។ ភាគច្រើន​រុក្ខជាតិ​នេះ ច្រើន​មាន​ដុះ​តាម​មាត់​អូរ ជ្រោះ និង​ទី​ដែលមាន​ទឹក​លិច ហើយ​ហូរ​តិចៗ​ផង​។ សាឡាដ​ហ្ស​ង​មានឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា Nasturtium Officinale L. បច្ចុប្បន្ន​ត្រូវគេ​ដាំ​ច្រើន​នៅ​ភាគ​ខាងលិច​ទ្វីបអាស៊ី និង នៅ​ប្រទេស​មួយចំនួនទៀត​ក្នុង​តំបន់​ត្រូ​ពិ​ក ដូចជា ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និង​នៅ​ភាគ​ខាងជើង​ទ្វីបអាហ្វ្រិក​។​
​សាឡាដ​ហ្ស​ង ជា​រុក្ខជាតិ​ដែល​សម្បូរ​ណ៍​ដោយ​កាល់ស្យូម (៦៤ មី​ល្លី​ក្រាម​) ដែក (១.១ មី​ល្លី​ក្រាម​) និង​មាន​វីតាមីន​អា​, សេ … ព្រមជាមួយ​សារជាតិ​រ៉ែ​មួយចំនួន​ផ្សេងទៀត​។​
​លក្ខណៈ​ ជីវសាស្ត្រ : សាឡាដ​ហ្ស​ង​មាន​សណ្ឋាន​ខ្ចី ផុយ និង​ទន់ ដើម​របស់​វា​មាន​ប្រវែង​ពី ២០​សង្ទីម៉ែត្រ ដល់​៦០​សង្ទីម៉ែត្រ ចន្លោះ​ថ្នាំង​ពី​មែក​ស្លឹក​មួយ​ទៅ​មែក​ស្លឹក​មួយទៀត មាន​ប្រវែង​ពីមួយ​ដល់​ប្រាំ​សង្ទីម៉ែត្រ រុក្ខជាតិ​នេះ​ចំណុះ​ខ្លាំង​ទៅលើ​កត្តា​អាកាសធាតុ និង​សំណើម​នៅក្នុង​ខ្យល់​។ តាម​គល់​មែក​របស់​វា​មាន ឬ​អាច​ដុះ​ចេញ​ជា​ខ្នែង​មួយៗ​ស្ទើរ​គ្រង​ធាង​ទាំងអស់​។​
​មែក ឬ​ធាង​របស់​ស្លឹក​មាន​ដុះ​ស្លឹក​បី​ទៅ​ប្រាំបួន ស្លឹក​ដែល​នៅ​ចុង​គេ​មាន​ទំហំ​ធំជាងគេ ស្លឹក​ទាំងឡាយ​របស់​វា​សឹង​មាន​រាង​មូល មាន​ពណ៌​ខៀវចាស់ ឯ​ចំណែក​គែម​របស់​ស្លឹក​វិញ មាន​សណ្ឋាន​ដូចជា​ធ្មេញរណា​។ រុក្ខជាតិ​នេះ​មាន​ឫស​ស្ញែ​ដុះ​តាម​គល់​មែក​ត្រង់​ផ្នែក​ណា​ដែលមាន​ប៉ះ​ ជាមួយ​ដី ឬ​ទឹក ឫស​ទាំងនោះ​មានមុខ​ងារ​បឺត​ស្រូបយក​សារជាតិ​ផ្សេងៗ​មក​ចិញ្ចឹម​ដើម​របស់​វា បើ​គេ​កាត់​យក​មែក​នេះ​មក​ដាំ​វា​ដុះ​ក្លាយទៅជា​ដើម​មួយ​ផ្សេង​ដោយ​ខ្លួនឯង​ ។​
​សាឡាដ​ហ្ស​ង​ ចូលចិត្ត​ដុះ​បំផុត​ត្រង់​កន្លែង​ណា ដែលមាន​ភក់​ច្រើន វា​អាច​ដុះ​នៅតាម​ទី​ដែលមាន​ទឹក​រាក់ៗ ជម្រៅ​ពី​បួន​ទៅ​ប្រាំ​សង្ទីម៉ែត្រ មាន​ចរន្តទឹក​ហូរ​នៅ​កន្លែង​ខ្លះ​ដែលមាន​ទឹក​ជ្រៅ វា​អាច​ដុះ​លូតលាស់​វែង វារ​លើទឹក ឬ​ដុះ​ងើប​ផុតពី​ទឹក​។ សាឡាដ​ដុះ​លូតលាស់​ល្អ​បំផុត បើសិនជា​ទីកន្លែង​ដែល​ដាំ​វា​នោះ​មាន​សីតុណ្ហភាព​ត្រឹម​ដប់​ប្រាំ​ទៅ​ម្ភៃ​ អង្សា​សេ និង​មាន​សណ្ឋាន​ដី​ខ្ពស់ជាង​នីវ៉ូទឹក​សមុទ្រ ១០០០​ម៉ែត្រ​ឡើងទៅ​។​
​ប្រភេទ​ដី​ ដែល​អាច​ដាំ​សាឡាដ​ហ្ស​ង​ល្អ​បំផុត​នោះ ត្រូវមាន PH របស់​ដី​ក្នុង​ចន្លោះ​ប្រាំមួយ​ទៅ​ប្រាំពីរ តែ​វា​មិនអាច​រស់ ឬ​ដុះ​លូតលាស់​បានជា​មួយ​ដី​ដែលមាន PH ទាប (​ដីជូរ​មាន​អាស៊ីដ​ច្រើន​) ដីប្រៃ ឬ​ជា​ប្រភេទ​ដីខ្សាច់​ឡើយ ជាពិសេស​ការលូតលាស់​របស់​វា និង​ចុះ​អន់​ខ្សោយ​នៅ​រដូវក្តៅ​។ វា​ចូលចិត្ត​ទី​ដែលមាន​កម្រិត​សំណើម​ខ្ពស់បំផុត ដូច្នេះ​អ្នក​ដាំ​ត្រូវមាន​ប្រព័ន្ធ​ប្រព័ន្ធ​បាញ់​ទឹក​បែប​ផ្សែង​ក្រូច​ឲ្យ ​បាន​ច្រើនដង​ក្នុង​មួយថ្ងៃ យ៉ាងហោចណាស់​ឲ្យ​បាន​ដប់​ទៅ​ដប់​ប្រាំ​ដង​ដែរ ដោយ​រួមទាំង​ពេលយប់​ផង បើ​មាន​ធាតុអាកាស​ស្អុះស្អាប់ ឬ​ស្ងួត​។​
​ការជ្រើសរើស​ ពូជ​សម្រាប់​ដាំ : ពូជ​សាឡាដ​ហ្ស​ង​ដែលមាន​ដាំ​ដុះ​នៅ​អាស៊ីដ​យើង​នេះ គឺជា​ពូជ​នៅក្នុង​តំបន់ វា​ត្រូវ​ស៊ាំ​ជាមួយ​អាកាសធាតុ​នៅទីនេះ ធន់​ជាមួយ​ការបំផ្លាញ​របស់​សត្វ​ដង្កូវ ធន់​ជាមួយ​សីតុណ្ហភាព​ខ្ពស់ មាន​រសជាតិ​ឆ្ងាញ់ និង​អាច​ផ្តល់​ផល​បានល្អ​គួរសម​ដែរ ប៉ុន្តែ​វា​មិនសូវមាន​ដើម​ធំ​ល្អ ដូច​នៅ​តំបន់​ដែលមាន​អាកាសធាតុ​ត្រជាក់​នោះឡើយ​។​
​ជា​រុក្ខជាតិ ​ដែល​អាច​ដុះ​លូតលាស់​បាន​គ្រប់​រដូវ​កាល តែ​អ្នក​ដាំ​នៅក្នុង​តំបន់​អាស៊ី​យើង​នេះ និយម​ដាំ​វា​នៅក្នុង​រដូវរងា (​រដូវ​ត្រជាក់​) ព្រោះ​ជា​ពេល​ដែលមាន​ខ្យល់​ត្រជាក់ ធ្វើ​ឲ្យ​វា​អាច​ដុះ​លូតលាស់​បានល្អ ផ្តល់​ទិន្នផល​ខ្ពស់​ជា​រដូវ​ផ្សេងទៀត​។​
​​ពូជ​ដែល​យើង ​ជ្រើសរើស​យកមក​ដាំ គឺ​ត្រូវ​ទិញ​ពូជ​មកពី​ទី​ដែល​គេ​មាន​ដាំ​ដំណាំ​នេះ ឬ​ទិញ​មកពី​ទីផ្សារ រើស​មើល​រក​ដើម​ណា​ដែល​ធំជាងគេ មាននៅ​ជាប់​ជាមួយ​ឫស​តិចតួច​។​
​រៀបចំ​ឡាំង​ ឈើ​មួយ ដាក់​ដី​ផុ​កៗ​សុទ្ធ​ក្នុង​ឡាំង​នោះ រួច​យក​ដើម​សាឡាដ​ហ្ស​ង​ដែល​យើង​បាន​រើស​ពូជ​មក​នោះ​ដាក់​ដោត (​ស្ទូង​) ក្នុង​ដី​ភក់​នោះ យក​ថង់​ប្លា​ស្ទីក​ថ្លា មក​គ្របពីលើ​ឲ្យ​ជិត​យក​វា​ទៅ​ដាក់​ត្រង់​ទី​ដែលមាន​ម្លប់ និង​ត្រជាក់​។ ត្រូវធ្វើ​បែបនេះ​ឲ្យ​បាន​ច្រើន​ឡាំង បើសិនជា​ត្រូវការ​វា​ច្រើន​។ ជា​រៀងរាល់ថ្ងៃ​ត្រូវ​បាញ់​ទឹក​ស្រោច​វា កុំ​ឲ្យ​វា​ស្ងួត​ដើម​ឲ្យ​សោះ រហូត​វា​អាច​ចាប់​ឫស​ថ្មី ដុះ​លាស់​ចេញ​ខ្នែង​ថ្មី ល្អ​ត្រឹមត្រូវ ហើយ​ទើបបាន​យើង​រៀបចំ​កន្លែង​សម្រាប់​ដាំ​វា​។​
​​ត្រូវ​ជ្រើស ​រើសយក​ទីតាំង​ណាមួយ​ដែលមាន​សំណើម​ច្រើន​សើម​ជានិច្ច​គ្រប់​រដូវ​កាល​។ លើក​ភ្លឺ ឬ​ទំនប់​ឲ្យ​មាន​កំពស់ ៥០​សង្ទីម៉ែត្រ មាន​បណ្តោយ ១៥ ទៅ ២០​ម៉ែត្រ ចន្លោះ​ភ្លឺ ឬ​ទំនប់​ម្ខាង​ទៀត​ត្រូវមាន​គម្លាត​មួយ​ម៉ែត្រ​កន្លះ​ពីគ្នា​។ បើ​យើង​មានបំណង​ដាំ​ឲ្យ​បាន​ច្រើន គួរ​ធ្វើ​ទំនប់​បែបនេះ​ឲ្យ​បាន​ច្រើន​ជួរ (​ប្រឡាយ​) ដោយ​ទុកចន្លោះ​ពី​ប្រឡាយ​មួយ​ទៅ​ប្រឡាយ​មួយទៀត​ចំនួន ៧០​សង្ទីម៉ែត្រ ឬ​ត្រឹម ៥០​សង្ទីម៉ែត្រ​ក៏បាន​។
នៅក្នុង ​ប្រឡាយ​នេះ ត្រូវ​កើប​យក​ដី​ផុ​កមក​ទី​ផ្សេង មក​ដាក់​ឲ្យ​បាន​កម្រាស់ ៣០​សង្ទីម៉ែត្រ ស្មើ​ពាក់កណ្តាល​ជម្រៅ​របស់​ប្រឡាយ រួច​ប្រើ​រនាស់​កាយ​កៀរ​ផុ​ក​នោះ​ឲ្យ​ស្មើ បន្ទាប់មក​បង្ហូរទឹក​ស្អាត​ដាក់បញ្ចូល​ឲ្យ​បាន​កំពស់ ២០​សង្ទីម៉ែត្រ​ពី​ផ្ទៃ​លើ​របស់​ផុ​ក ទឹក​ដែល​បាន​បង្ហូរ​ដាក់​នេះ វា​នឹង​ជ្រាបចូល​ក្នុង​ផុ​ក​ខ្លះ ហួត​តាម​ខ្យល់​ខ្លះ បន្ទាប់ពី​រយៈពេល​ពីរ បី​ថ្ងៃ​ក្រោយមក ត្រូវ​បូមទឹក​បញ្ចូល​បន្ថែមរ​ហូត​មាន​កំពស់ ២០​សង្ទីម៉ែត្រ​ជាថ្មី លើក​ទី​ពីរ​នេះ ត្រូវ​ទុក​ឲ្យ​ទឹក​ហួត​អស់​នៅសល់​ត្រឹមតែ ៥​សង្ទីម៉ែត្រ​បាន​ហើយ​។​
​ត្រូវ​រៀបចំ​ ធ្វើ​ដំបូល​គ្របពីលើ​ប្រឡាយ​នេះ តាម​បណ្តោយ​ជួរ​ប្រឡាយ​តាំងពី​ក្បាល​ទី​រហូត​ចុង​ទី ដោយ​ប្រើ​ស្បៃ​ប្រក់​ដំបូល​យកមក​ធ្វើជា​ដំបូល (​ស្បៃ​ប្រក់​ដំបូល​នេះ​មាន​លក់​នៅ​ផ្សារ​អូ​ឫស្សី​ក្នុង ១​ដុំ មាន​ប្រវែង ១០០​ម៉ែត្រ ទទឹង ២​ម៉ែត្រ តម្លៃ​ក្នុង​ដុំ ៦៥ ដុល្លារ​)
នៅ ​ចន្លោះ​ប្រឡាយ​នីមួយៗ យើង​មិនចាំបាច់​ធ្វើជា​ទំនប់​ពីរ​ក៏បាន ដោយ​ប្រើ​បំពង់​ទីប​ជ័រ​សម្រាប់​ធ្វើជា​ប្រព័ន្ធ​បង្ហូរទឹក​ដាក់​នៅតាម​ ក្បាល​ប្រឡាយ ឯ​នៅ​ចុង​ក្បាល​ប្រឡាយ​ត្រូវ​បង្ហូរទឹក​នោះ​ចូលមកក្នុង​អាង​មួយ ទឹក​ក្នុង​អាង​នោះ​ត្រូវ​បូម​មក​បង្ហូរ​តាម​ក្បាល​ប្រឡាយ​ជាថ្មី ដោយមាន​បង្ហូរ​មកជា​មួយ​នូវ​ជីសរីរាង្គ​ទឹក ដើម្បី​ជំនួយ​ឲ្យ​ដល់​ការលូតលាស់​របស់​វា​។​
​ដើម្បី​ ចៀសវាង​ការចំណាយ​សម្រាប់​បូមទឹក​ស្រោច គួរ​គប្បី​ប្រើ​ម៉ូ​ទ័​រ​បូម​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ មាន​លក់​ដោយ​មជ្ឈមណ្ឌល​វៃឆ្លាត​របស់លោក គង់ ផា​រិ​ទ្ធ នៅ​ម្តុំ​ខាងលិច​ផ្សារ​ទួលគោក​។​
​​ដោយ​ ប្រើប្រាស់​ប្រព័ន្ធ​នេះ យើង​អាចបង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ទឹក​ហូរ​តិចៗ​នៅក្នុង​ប្រ​រ​ឡាយ ដោយ​គ្រាន់តែ​ប្រើប្រាស់​ទឹក​ចាស់​ដដែល តែ​ត្រូវ​មានកូន​អាង​មួយ​សម្រាប់​ចម្រោះ​ទឹក​នោះ​ផង ដោយ​ប្រើ​ធ្យូង​ធ្វើជា​គោល​សម្រាប់​សំអាត​ទឹក​នោះ (​ដាក់​ធ្យូង​ចូលក្នុង​អាង​ចម្រោះ​ឲ្យ​បាន ៥០​គីឡូក្រាម​)​។​
​ធ្វើ​ ប្រព័ន្ធ​ស្រោច​ពីលើ​មួយ ដែល​អាច​បាញ់​ចេញ​ជា​លំអង​ទឹក​ស្រោច​ពីលើ ដោយ​ប្រើ​ម៉ូ​ទ័​រ​បូម​ប្រើ​ពន្លឺព្រះអាទិត្យ​ដូចគ្នា បើ​គ្មាន​លទ្ធភាព យើង​អាច​ប្រើ​ធុង​មាន​ផ្កាឈូក​ក៏បាន តែ​ការធ្វើ​បែបនេះ យើង​ត្រូវ​ចំណាយពេល​ច្រើនណាស់ ព្រោះ​ត្រូវ​ស្រោច​វា​រាល់​មួយ​ម៉ោង​ម្តង​ឯណោះ​។​
​បន្ទាប់​ ពីអ្វីៗ​បានរៀបចំ​រួច​ត្រឹមត្រូវ​ស្រួលបួល​ហើយ យើង​អាច​យក​មែក​សាឡាដ​ហ្ស​ង ដែល​បាន​ផ្សាំ​នៅក្នុង​ឡាំង​នោះមក​ដាំ​បាន ហើយដោយ​គ្រាន់តែ​ប្រើ​របស់​អ្វី​ម្យ៉ាង​ចូក​វា​ចេញពី​ក្នុង​ឡាំង ឬ​ទម្លាយ​បាត​ឡាំង​ដាក់​វា​ដាំ​តែម្តង​ក៏បាន តែ​ត្រូវយក​ឡាំង​ចេញ​។​
​នៅក្នុង​ រយៈពេល​នេះ យើង​ត្រូវ​យកចិត្តទុកដាក់​ថែ​វា​ឲ្យ​បាន​ម៉ត់ចត់​បំផុត ជាពិសេស​គឺ ទឹក​សម្រាប់​ស្រោច​វា មិនត្រូវ​ឲ្យ​ដាច់​ជាដាច់ខាត​។ សាឡាដ​ហ្ស​ង អាច​លក់បាន​នៅក្នុង​ទីផ្សារ​ក្នុង ១​គីឡូក្រាម តម្លៃ​ជិត​មួយ​ម៉ឺន​រៀល ក្នុង ១​គីឡូក្រាម គេ​លក់រាយ​ចេញ​ក្នុងតម្លៃ​មួយ​ម៉ឺន ឬ​ជាង​មួយ​ម៉ឺន​រៀល នៅក្នុង​ទីផ្សារ​អ្នកត្រូវការ​សាឡាដ​ហ្ស​ង​មាន​ច្រើន ជា​របស់​កម្រ​ក្នុង​ផ្សារ ជួនកាល​ថែមទាំង​ពិបាក​រក​ទិញ​ទៀតផង វា​ជា​បន្លែ​ដែលមាន​សេចក្តីត្រូវការ​ច្រើន​ក្នុង​ទីផ្សារ​។​
​សព្វថ្ងៃនេះ សាឡាដ​ហ្ស​ង​មាន​លក់​នៅតាម​ផ្សារ​នានា ប៉ុន្តែ​វា​មាន​ដើម​តូច​ល្អិតៗ​សឹង​មិនដែល​បានឃើញ​ដើម​សោះ គឺ​គ្មានទេ​។ យើង​អាច​ប្រមូល​ផល​វា​រាល់ ១០​ថ្ងៃ​ម្តង បើសិន​ជាការ​ដុះ​លូតលាស់​របស់​វា​ល្អ ពេល​ប្រមូល​ផល​គឺ​ត្រូវកា​ត់វា​យកតែ​ផ្នែក​ខាងចុង​ប្រហែល ១០ ទៅ ១៥ សង្ទីម៉ែត្រ ក្រៅពីនេះ​គឺ​ត្រូវ​ទុក​ឲ្យ​វា​លាស់​ចេញ​ជា​ត្រួយ និង​មែក​ថ្មី​តាម​ខ្នែង​របស់​វា​។
​​របៀប​ដាំ​ សាឡាដ​ហ្ស​ង អាចធ្វើ​តាម​វិធី​ច្រើនយ៉ាង​ណាស់ តែ​សម្រាប់​ស្ថានភាព​អាកាសធាតុ​ក្តៅ​ដូច​នៅ​ប្រទេស​យើង គឺ​ចាំបាច់​ណាស់​ត្រូវមាន​ដំបូល​ប្រក់​ឲ្យ​វា​ជាដាច់ខាត បើ​ពុំ​នោះទេ ការ​ដុះ​លូតលាស់​របស់​វា​នឹង​មិនសូវ​បានល្អ​ឡើយ បើទោះបីជា​វា​ដុះ​ក៏មាន​ដើម​តូច​ល្អិត​មិនសូវ​ធំ​ដែរ​។ បើសិនជា​អាចធ្វើ​បាន​ត្រឹមត្រូវ​ស្រួលបួល វា​នឹង​ជា​មុខរបរ​មួយ​ដែល​អាច​រកចំណូលបាន​ច្រើន​បង្គួរ​ដែរ​៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍) 

ប្រភព៖itcambo.com
Previous
Next Post »
Post a Comment
Thanks for your comment