ការចិញ្ចឹមសត្វ-ជន្លេន

បទពិសោធន៍​ចិញ្ចឹម​ជន្លេន
1
ជន្លេន ​មាន​សារៈប្រយោជន៍​ដល់​មនុស្ស ស​ត្វ រុក្ខជាតិ បំបែក​សារធាតុ​សរីរាង្គឲ្យ​ពុកផុយ (សំរាម ឬ​លាមក​សត្វ កាកសំណល់​ផ្ទះបាយ) ។ ជន្លេន​មាន​ប្រូតេអ៊ីន​ពី ៦០ ទៅ ៧០ ភាគរយ ។ ​ដោយសារ​ជន្លេន​មាន​ប្រូតេអ៊ីន​ច្រើន មាន​កសិករ​មួយចំនួន​បាន​ប្រើ​ធ្វើ​ជា​ចំណី​មាន់ ធ្វើឲ្យ​មាន់ឆាប់​ធំធាត់ ។ យោង​ទៅលើ​ផលប្រយោជន៍​ច្រើន​នៅពេល​ថ្មីៗ​នេះ មាន​កសិករ​មួយចំនួន​ចាប់ផ្តើម​ចិញ្ចឹម​ជន្លេន​ឲ្យ​មាន់ ត្រី ស៊ី ឬ​លក់ ។ នៅ​លេខ​នេះ ខ្ញុំ​សូម​លើកយក​បទពិសោធន៍​ចិញ្ចឹម​ជន្លេន​របស់​កសិករ រាជ ឆាន រស់នៅ​ភូមិ​កណ្តាល ឃុំ​ចេក ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង មក​បង្ហាញ​ជូន​បងប្អូន​កសិករ​ទុកជា​គំនិត​សម្រាប់​សាកល្បង​តាម​:
១. វត្ថុធាតុដើម​សម្រាប់​ចិញ្ចឹម​
  • ​លាមក​សត្វ (​ស្រស់​) ដូចជា លាមក​គោ ក្របី ជ្រូក មាន់ (​ជា​ចំណី​ដែល​ជន្លេន​ចូលចិត្ត​បំផុត)។​
២. ការជ្រើសរើស​ទីកន្លែង​ចិញ្ចឹម
  • ​ជ្រើសរើស​ទីកន្លែង​ចិញ្ចឹម​លើ​ដី​ទួល​មិន​លិច​ទឹក ឬ​មិន​ដក់​ទឹក​
  • ​ជ្រើសរើស​ទីកន្លែង​ដែល​មាន​ខ្យល់​ស្រឡះ​ល្អ ។​
៣. របៀប​បង្កើត​ពូជ​ជន្លេន​
  • ​យក​លាមក​គោ ស្រស់​ចាក់​ជា​ពំនូក (៣ ទៅ ៥ ប​ង្គី​) នៅ​កន្លែង​ស្រឡះ​ទូលាយ​ដែល​មាន​ខ្យល់​គ្រប់គ្រាន់​
  • ​ស្រោច​ទឹក ២ ដង ក្នុង​១ ថ្ងៃ (​ព្រឹក និង​ល្ងាច​) លៃ​យ៉ាងណា​ឲ្យ​ពំនូកជី​មានសំណើម និង​កំដៅ​
  • ​រយៈពេល ២-៣ អាទិត្យ នឹង​កើត​មាន​ពូជ​ជន្លេន​នេះ ។​
៤. របៀប​ចិញ្ចឹម​ជន្លេន​
​​៤.១ របៀប​រៀបចំ​កន្លែង​ចិញ្ចឹម​
  • ​រៀបចំ​កន្លែង​ចិញ្ចឹម​លើ​ដី​ទួល​ក្រោម​ម្លប់ឈើ​
  • ​សំអាត​ស្មៅ​លើ​ផ្ទៃដីប្រមាណ ២ ម៉ែត្រការ៉េ​
  • ​បង្ហាប់ដី​ឲ្យ​ហាប់ រួច​យក​លាមក​គោ​ស្រស់​មក​ពូន​ជា​គំនរ ។​
​​៤.២​ របៀប​លែង​ពូជ​
  • ​ជ្រើសរើស​តែ​ជន្លេន​មាន​ដង​ខ្លួន​ធំ ហើយ​ថ្លោស មាន​ប្រវែង​ពី ១០-១៥ ហ៊ុន​
  • ​ប្រមូល​ពូជ​ជន្លេន​ពី​កន្លែង​បង្កើតពូជ​នៅ​ម៉ោង ៦ ល្ងាច (​ពីព្រោះ​ជន្លេន​ខ្លាច​ពន្លឺ និង​កំដៅថ្ងៃ​)
  • ​មុន​នឹង​លែង​ជន្លេន​ត្រូវ​ស្រោច​ទឹក​ឲ្យ​សើ​មតិចៗ​ឲ្យ​ជន្លេ​នងាយ​វា​រចូល​ក្នុង​ពំនូក​ជី​
  • ​បរិមាណ​ជន្លេន​ដែល​លែង​គឺ ពី ២ ទៅ ៣ គីឡូក្រាម (​ជន្លេន ៧០ ភាគរយ និង​ជីលា​មក​សត្វ​ដែល​នៅ​ជាប់ ៣០ ភាគរយ​) ។
៤.៣ របៀប​ថែទាំ​
  • ​យក​មែក​ឫស្សី​គ្រប​កន្លែង​ចិញ្ចឹម​ការពារ​មាន់​កាយ ដោយ​ធ្វើ​រនាំង​បាំង ឬ​យក​បន្លា​ឫស្សី​ដាក់​ពទ្ធ័ជុំវិញ​
  • ​ពំនូក​ជី​ត្រូវ​គ្រប​ស្លឹកត្នោត (​កាត់បន្ថយ​ពន្លឺ​) ឬ​ធ្វើ​របង​ប្រក់​តំបូល​ស្លឹក
  • ​ស្រោច​ទឹក ២ ដង ក្នុង​មួយ​ថ្ងៃ​
  • ​ទឹក​ដែល​ស្រោច​ពំនូក​ជី​នេះ ត្រូវ​គ្មាន​ជាតិពុល ប្រៃ ប្រេង ឬ​ស្អុយ (​ទឹក​ធម្មជាតិ​)
  • ​ដាក់​ថែម​អាចម៍គោ​ស្រស់​ថ្មីៗ ពីរ​ថ្ងៃ ចំនួន ១ ប​ង្គី (៥ គីឡូក្រាម​)
  • ​ការ​ថែម​ អាចម៍គោ​អាស្រ័យ​ពេលវេលា​គឺ នៅពេល​យើង​សង្កេត​ឃើញ​វា​បញ្ចេញ​កាកសំណល់​អាចម៍​ជន្លេន​ចេញមកក្រៅ​ច្រើន ហើយ​វា​ស៊ី​អស់​អាចម៍គោ​ថ្មីៗ ។ ត្រូវ​រាយ​លាមក​គោ​ស្រស់​ពីលើ​រង​ជន្លេន កំរាស់​ពី ២ ទៅ ៣ តឹក​
  • ពំនូក​ជី​ចិញ្ចឹម​ជន្លេន​
1
  • ​នៅ​រដូវប្រាំង ដាក់​បន្ថែម​អា​ចម៍​គោ​ឲ្យ​ស៊ីពី ២ ទៅ ៣ ដង ក្នុង ១ អាទិត្យ ក្រោយ​មក​គ្រប​វិញ ហើយ​ស្រោច​ទឹក​
  • ​នៅ​រដូវវស្សា ដាក់​អាចម៍គោ​ឲ្យ​ស៊ីពី ៣ ទៅ ៥ ដង ក្នុង ១ អាទិត្យ ក្រោយ​មក​គ្រប​វិញ ហើយ​ស្រោច​ទឹក ។​
​៤.៤ របៀប​ការពារ​
​​ក្នុង​ការចិញ្ចឹម​ជន្លេន ត្រូវ​យកចិត្តទុកដាក់​ការពារ​បញ្ហា​មួយចំនួន​ដូចជា​:
  • ​មាន់​កាយ​ស៊ី កង្កែប បក្សី ស្រមោច កណ្តុរ​
  • ​ទឹក​ស្រោច​កុំឲ្យ​មាន​ជាតិ​ជូរ ប្រៃ ឬ​មាន​ជាតិពុល​
  • ​ការពារ​ទឹកភ្លៀង​ហូរ​លិច ឬ​កំដៅថ្ងៃ (​ក្តៅ​ខ្លាំង​) ។​
៥.​របៀប​ប្រមូល​ផល​ជន្លេន និង​អាចម៍​ជន្លេន​
​​ក​. អាចម៍​ជន្លេន​
​អាចម៍​ជន្លេន ​ពេល​វា​បញ្ចេញ​មក​ក្រៅ​ពំនូក យើង​ប្រមូល​វា​យក​ទៅ​ហាលថ្ងៃ​ឲ្យ​ស្ងួត រក្សា​ក្នុង​ម្លប់​កុំ​ឲ្យ​ត្រូវ​ទឹកភ្លៀង​ទុកដាក់​ដំណាំ ឬ​ដាក់​បាត​ស្រះ ដើម្បី​បង្កើត​ចំណី​ធម្មជាតិ​ក្នុង​ស្រះ​ឲ្យ​ត្រីស៊ី ។​
  • ​ដាក់​ដំណាំ : យក​អាចម៍​ជន្លេ ២០ ទៅ ៣០ ភាគរយ លាយ​ជាមួយ​ជី​
  • ​ដាក់​ស្រះ​ត្រី : ១៥ ទៅ ២០ គីឡូក្រាម ក្នុង ១០០០ ម៉ែត្រក្រឡា​
  • ​ដាក់​រង​បន្លែ​ពី ០.៨-១ គីឡូក្រាម ក្នុង ១០ ម៉ែត្រក្រឡា (​ផ្ទៃ​ដី​រង​ដាំ​ដំណាំ​)
  • ​ប្រើ​ធ្វើជា​ទឹក​ជី ដោយ​លាយ​អាចម៍​ជន្លេន ១១ គីឡូក្រាម ជាមួយ​ទឹក ៥ លីត្រ កូរ​ឲ្យ​សព្វ រក្សាទុក ១ ថ្ងៃ ទើប​យក​ទៅ​ស្រោច​ដំណាំ ។​
​ខ​. ជន្លេន​:
​ក្រោយ​ពី​ ចិញ្ចឹម​បាន​រយៈពេល ៤ ខែ អាច​ប្រមូល​ជន្លេន​បាន​ពី ២០-២៥ គីឡូក្រាម​ក្នុង ១ ម៉ែត្រការ៉េ។ ជន្លេន​អាច​យកមក​ច្នៃ​សម្រាប់​ប្រើប្រាស់​ជា​ចំណី​សត្វ​តាមរបៀប​ខាងក្រោម​:
  • ​សំអាត​យក​ជន្លេន (​រែង​យក​ដី​ចេញ រួច​លាង​ទឹក​)
  • ​យក​ជន្លេន ៣ គីឡូក្រាម លាយ​ជាមួយ​កន្ទក់ ១ គីឡូក្រាម រួច​ក្រឡុក​ពី ១០ ទៅ ១៥ នាទី វាន​នឹង​ងាប់​
  • ​ប្រើ​កញ្ច្រែង​រែង ដើម្បី​បំបែក​ជន្លេន និង​កន្ទក់​ចេញ​ពី​គ្នា​
  • ​ក្រោយមក​ហាលថ្ងៃ ២ ទៅ ៣ ថ្ងៃ ធ្វើយ៉ាងណា​ឲ្យ​ជន្លេន​ស្ងួត
  • ​រក្សាទុក (​លាយ​ជាមួយ​ចំណី​ឲ្យ​សត្វ​ស៊ី ដូចជា កង្កែប មាន់ ត្រី អន្ទង់​) ។ កូន​មាន់​ឲ្យ​ស៊ីពី ១-២ ដង ក្នុង ១ អាទិត្យ បរិមាណ ១ ក្រាម ក្នុង ១ ក្បាល និង​ក្នុង ១ ដង ។ ​កូន​មាន់​ដែល​ស៊ី​ជន្លេន​វា​នឹង​ឆាប់​ធំ៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)ITCambo
Previous
Next Post »
Post a Comment
Thanks for your comment