ដំណាំហូបផ្លែ-ដាំ​ល្ហុង​ផ្លែ​ច្រើន​


អ្នក ​មីង សេង មួយ​ហៀក រស់នៅ​ភូមិ​ព្រែកអុង​ប៉ាវ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។ គាត់​មាន​បទពិសោធន៍​ដាំ​ល្ហុង​អស់​រយៈពេល ១០ ឆ្នាំ​មក ហើយ​នៅលើ​ដី ១៣ អារ ។ បទពិសោធន៍​នេះ​ជា​គំនិត​ច្នៃប្រឌិត​របស់​គាត់​ផ្ទាល់ ។ ក្នុង​មួយ​រដូវ​ប្រមូល​ផល​ម្តងៗ​គាត់​បេះ​បាន​ផ្លែ​សរុប​ប្រមាណ ១០ តោន ហើយ​ទទួល​ប្រាក់​ចំណេ​ញដុល​ប្រមាណ ២ លាន​រៀល ។​
១. ​ការជ្រើសរើស​ពូជ ​និង​ការត្រៀម​ពូជ​ដាំ​
​ល្ហុង​ដែល​ គាត់​ដាំ ជា​ពូជ​ដែល​ជ្រើសរើស និង​រក្សា​ទុក​ដោយ​ខ្លួនឯង ។ ចំពោះ​លក្ខណៈ​ពូជ​ដែល​គាត់​ជ្រើសរើស​មាន​ផ្លែ​ធំ​វែង ផ្លែ​ច្រើ​មិនដាច់ដើម​មាន​សុខភាព​ល្អ ។ នៅពេល​ដែល​ផ្លែ​ទុំ​ល្អ គាត់​ពុះ​យក​គ្រាប់​ចេញពី​ផ្លែ​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​រំអិល រួច​យក​ទៅ​ហាល ឬសំដិល​រហូត​ស្ងួត (២-៣ ថ្ងៃ) ទើប​យក​ទៅ​ច្រក​កែវ​ទុក ។​
២.​ ការ​បណ្តុះ​កូន
​គាត់​បាន​យក​ គ្រាប់​ទៅ​បណ្តុះ មុន​នឹង​យកទៅ​ដាក់​ដាំ​ក្នុង​ចំការ ។ គាត់​យក​ដី​ដែល​មាន​ជីជាតិ​ច្រកចូល​ក្នុង​ថង់​ប្លា​ស្ទិក​ខ្មៅ​ដែល​ត្រៀម​ រួចជាស្រេច បន្ទាប់មក​យក​គ្រាប់​ទៅ​ត្រាំ​ទឹក​រយៈពេល ២ ថ្ងៃ និង​ផ្អាប់​ទុក​រយៈពេល ៧ ថ្ងៃ (ឲ្យ​ដុះ​ពន្លក​សៗ) ទើប​យក​ទៅ​ដាក់​ដាំ​នៅក្នុង​ថង់​ពី ៣-៤ គ្រាប់ ក្នុង ១ ថង់ ។ ក្រោយ​ពី​ដាក់​គ្រាប់​បណ្តុះ​ហើយ គាត់​ស្រោច​ទឹក​ឲ្យ​ជោគ​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​កូន​ល្ហុង​លូតលាស់​ល្អ ។ ចំពោះ​ថ្នាល​បណ្តុះ​កូន គាត់​បាន​ប្រក់​រោង​សំណាញ់​ដើម្បី​កុំ​ឲ្យ​កូន​ល្ហុង​ត្រូវ​ពន្លឺ​ខ្លាំងពេក ។​
៣.​ការរៀបចំ​ដី​ដាំ
​ក្នុង​ ការរៀបចំ​ដី​ដាំ គាត់​ភ្ជួរហាល​ដី ៤-៥​លើក ដោយ​ចន្លោះ​ពី​មួយ​លើក​ទៅ​មួយ​លើក​មាន​រយៈពេល ១០ ថ្ងៃ ។ នៅពេល​ភ្ជួរ​លើ​ក​ទី ១ គាត់​បាន​ដាក់​ជីលា​មក​សត្វ​ពុកផុយ ១,៥ ទៅ ២ តោន ភ្ជួរ​លុប​លើ​ផ្ទៃដី ១៣ អារ ។ ក្រោយ​ពី​ភ្ជួរ​រាស់​ហាល​ដី រួច​គាត់​លើក​ជា​រង​ដែល​មាន​ទទឹង ១,៥ ម៉ែត្រ បណ្តោយ​ទៅតាម​ស្ថានភាព​ដី ។ នៅលើ​រង គាត់​ជីករណ្តៅ​ជា​ជួរ​រណ្តៅ និ​មួយៗ​ទំហំ ៣ តឹក​បួន​ជ្រុង និង​ជំរៅ ៣ តឹក ដោយ​ទុក​ចន្លោះ​ពីរ​រណ្តៅ​មួយ​ទៅមួយ ២,៥ ម៉ែត្រ ។ នៅក្នុង​រណ្តៅ​និមួយៗ គាត់​ដាក់​ជីលា​មក​សត្វ​ពុកផុយ​ច្របល់​ជាមួយ​ដី​ឲ្យ​សព្វ ។​
៤.​ការដាំ​
​​គាត់​ ចាប់ផ្តើម​យក​កូន​ល្ហុង​ទៅ​ដាំ​នៅ​ចុងខែ​មេសា ឬដើ​ម​ខែ​ឧសភា ដែល​ជា​ដើមរដូវ ដើម្បី​កាត់បន្ថយ​ការ​ស្រោច​ទឹក ។ កូន​ល្ហុង​ដែល​គាត់​យក​មក​ដាំ​មាន​អាយុ ៤៥ ថ្ងៃ គាត់​បាន​ហែក​ថង់​ចេញ រួច​ដាក់​ក្នុង​រណ្តៅ បន្ទាប់មក​យក​ដី​នៅ​មាត់​រណ្តៅ​លុប​សង្កត់​ឲ្យ​ណែន រួច​យក​កំទេច​ចំបើង​គ្រប​ជុំវិញ​គល់ និង​ស្រោច​ទឹក​ឲ្យ​ជោគ ។ ក្នុង​មួយ​រណ្តៅ​ដាំ​មួយ​ដើម ដោយ​ជ្រើសរើស​យក​តែ​កូន​ល្ហុង​ដែល​មាន​សុខភាព​ល្អ ។​
៥.​ការថែទាំ​
​នៅពេល​ ល្ហុងនៅ​តូច គាត់​ស្រោច​ទឹក ១ ថ្ងៃ​ម្តង ដោយ​ប្រើ​ទុយ​យោ​បាញ់​នៅលើ​ស្លឹក​រហូត​ដល់​ល្ហុង​ធំ​ចេញ​ផ្កា​គាត់​បញ្ចូល​ ទឹក​នៅ​តាម​ចន្លោះ​រង ៣ ថ្ងៃ​ម្តង លៃ​យ៉ាងណា​កុំ​ឲ្យ​ដី​ស្ងួត​ពេក ឬ​សើម​ពេក ។ ក្រៅ​ពី​ការ​ស្រោច​ទឹក គាត់​ឧស្សាហ៍​ពូន​គល់ គឺ​នៅ​ពេល​ដែល​សង្កេត​ឃើញ​ឫស​ល្ហុង​មួយចំនួន​ដុះ​លើ​ផ្ទៃដី និង​ក្រោយ​ការប្រមូល​ផល​លើក​ទី ២ ។ ល្ហុង​ជា​ដំណាំ​ដែល​ត្រូវការ​ពន្លឺ​ថ្ងៃ​ដូច្នេះ​គាត់​បាន​កាច់​មែក​ងាប់ៗ​ នៅ​ក្បែរ​គល់​ប្រមូល​ចោល និង​ធ្វើ​ស្មៅ​ក្បែរ​គល់ ដើម្បី​កុំឲ្យ​មាន​ភាព​ស៊ុបទ្រុប​ឲ្យ​ពន្លឺ​ចាំង​ចូល​គ្រប់គ្រាន់ ។ អ្នក​មីង​បាន​ប្រើ​ជី​កែង ចំនួន ៥ គីឡូក្រាម សម្រាប់​បំប៉ន​ដោយ​ដាក់​នៅ​ក្បែរ​គល់​មួយ​រណ្តៅ​បន្តិចៗ ។​
​​ក្នុង​ ការដាំ​ល្ហុង​នេះ គាត់​តែង​ជួបប្រទះ​នូវ​សត្វល្អិត និង​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​រលួយ​គល់ ធ្វើឲ្យ​ស្លឹក​ស្រ​ពោន រលួយ​ឫស និង​គល់​ត្រឹម​ស្មើ​ដី​តែម្តង ជំងឺ​ពុក​ឫសកែវ​ធ្វើឲ្យ​ស្លឹក​ឡើង​លឿង និង​បញ្ឈប់​ការចេញ​ផ្លែ ជំងឺឆ្កួត​ត្រួយ ធ្វើឲ្យ​ត្រួយ​រួញ ហើយ​ផ្អាក​ការចេញ​ផ្លែ ។
​ចំពោះ​ វិធានការណ៍​កំចាត់ បើ​ល្ហុង​នៅ​តូច​គាត់ ដក​ដើម​ចោល ឬ កាត់​ស្លឹក ឬ ត្រួយ​ដែល​កើត​ជំងឺ​ចោល ។ ចំពោះ​សត្វល្អិត​មាន​ក្រា​មរោម​ផ្លែ ដែល​ធ្វើ​ឲ្យ​ផ្លែ​មិនសូវ​លូតលាស់ ហើយ​គ្មាន​រសជាតិ ។ ករណី​សត្វ​ក្រា​រោម​ផ្លែ​គាត់​មិនទាន់ មាន​វិធានការណ៍​កំចាត់​ទេ ប៉ុន្តែ​វា​កើត​មាន​តិចតួច ប៉ុណ្ណោះ​ក្នុង​ចំការ​របស់​គាត់ ។
1
ផ្លែ​ល្ហុង​ខ្ចី​ដែល​បេះ​ត្រៀម​យកទៅលក់​
៦.​ការប្រមូល​ផល​
​ក្រោយ​ពេល​ ដាំ​បាន​រយៈពេល ៥​ខែ គាត់​ប្រមូល​ផល​ផ្លែ​ល្ហុង​ចាស់​លក់ ។ ការ​បេះ ធ្វើ​ឡើង​បន្ត​បន្ទាប់​ក្នុង​រយៈពេល ៦​ខែ ទៅ ១​ឆ្នាំ ក្រោយ​ពី​បេះ​លើក​ទី ១ រហូត​ដល់​ខ្សោយ ទើប​គាត់​កាប់​ដើម​ចាស់ចោល និង​ដាំ​ថ្មី​ឡើងវិញ ។ តាម​ការប៉ាន់ស្មាន​របស់គាត់ ជា​សរុប​គាត់​បេះ​លក់បាន​ប្រមាណ ១២ តោន (​ល្ហុង​ខ្ចី​) ។ ហើយ​បើ​ទូទាត់​លើ​ការចំណាយ គាត់​ទទួលបាន​ចំណូល​សុទ្ធ ២-៣ លាន​រៀល។
1
ទិដ្ឋភាព​ផ្លែ​ល្ហុង​ដែលបំផ្លាញ​ដោយ​សត្វ​ក្រា
៧.​ចំណាប់អារម្មណ៍​របស់​កសិករ​
​អ្នក​មីង​មាន ​ចំណាប់​អារម្មណ៍​ថា គាត់​ពេញចិត្ត​នឹង​ទិន្នផល​ដែល​គាត់​ទទួលបាន ។ ការដាំ​ល្ហុង​ចំណាយ​ពេល​ថែទាំ​តិច​ជាង​ការដាំ​បន្លែ រីឯ​ផល​ដែល​បាន​មក​ងាយស្រួល​លក់ ហើយ​គាត់​សង្ឃឹមថា ទៅ​ថ្ងៃមុខ គាត់​នឹង​អាច​ទទួលបាន​នូវ​បច្ចេកទេស​ថ្មីល្អៗ មក​អនុវត្តន៍​លើ​ចំការ​របស់​គាត់ ដើម្បីឲ្យ​ទទួលផល​កាន់​តែ​ខ្ពស់ ។​
​សរុបមក បច្ចេកទេស​សំខាន់ៗ ក្នុង​ការដាំ​ល្ហុង​មាន​:
  • ជ្រើសរើស​ពូជ​ដែល​មាន​ផ្លែ​ធំ​វែង និង​ទុំ​ល្អ​ទុក​ធ្វើ​ពូជ
  • បណ្តុះ​គ្រាប់ និង​ថែទាំ​ឲ្យ​កូន​ល្ហុង​មាន​សុខភាព​ល្អ មុន​យកទៅ​ដាំ​ក្នុង​ចំការ
  • ភ្ជួរ​ដី​ហាល​ច្រើនសារ​ឲ្យ​ដី​ធូរ និង​ស្ងួត​ទឹក
  • រៀបចំ​រណ្តៅ​ជា​ជួរ​ដាំ​នៅពេល​មាន​អាយុ ៤៥ ថ្ងៃ ដោយ​ជ្រើសរើស​តែ​កូន​មាន​សុខភាព​ល្អ​
  • ថែទាំ​គ្រប់​គល់ ពូន​គល់ បោច​ស្មៅ និង​កាច់​ស្លឹក​ងាប់ៗ​នៅ​ខាងក្រោម​ចោល​ស្រោច​ទឹក​ពេល​ល្ហុង​នៅ​តូច និង ៣ ថ្ងៃ​ម្តង ពេល​ផ្កា ។​
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍) ITCambo
Previous
Next Post »
Post a Comment
Thanks for your comment