ការដាំដុះ- ដំណាំស្ពៃក្តោប​



ស្ពៃក្តោប​ជា​ប្រភេទ​បន្លែ​ស្លឹក​ម្យ៉ាង ​ដែល​ប្រជាជន យើង​និយម​បរិភោគ​គ្រប់ៗ​គ្នា ហើយ​ក៏​និយម​ដាំ​ដែរ។ ក្រៅពី​បច្ចេកទេស​ដាំ​ដុះ​​នៅ​មាន​បច្ចេកទេស​នៃ​ការប្រមូល​ផល ដែល​កសិករ​មិនសូវ​បាន​យកចិត្តទុកដាក់ ជា​ហេតុ​ធ្វើឲ្យ​ទិន្នផល​ដែល​ប្រមូលបាន​ត្រូវ​បាត់បង់ ឬ​ក៏​មិន​​អាច​ថែរក្សា​ទុកដាក់​បានយូរ ។ នៅ​លេខ​នេះ ខ្ញុំ​សូម​លើកយក​បទពិសោធន៍រ​បស់​កសិករ​នៅ ភូមិ​ក្នុង​ព្រែក និង​ភូមិ​អូរ​រំចេក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល មក​បង្ហាញ​ជូន​ដូចខាងក្រោម ។
១. ការប្រមូល​ផល
ជាទូទៅ កសិករ​ប្រមូល​ផល​ស្ពៃក្តោប​ដោយ​សំគាល់​ទៅលើ​អាយុ​របស់​វា គឺ​ចាប់ពី ៣ ទៅ ៣ ខែ​កន្លះ​បន្ទាប់​ពី​ដាំ ។ ក្រៅពីនេះ គឺ​​គាត់​ពិនិត្យ​ទៅ​លើ​លក្ខណៈ​ក្តោប​របស់​ស្ពៃ ដូចជា​យកដៃ​ច្របាច់​ទៅ​លើ​វា បើ​ច្របាច់​ទៅ​ឃើញ​រឹង​ល្អ មានន័យ​ថា ស្ពៃ​ពេញវ័យ​អាច​ប្រមូល​​ផល​បាន ឬ​សំគាល់​ទៅលើ​ចុង​ស្លឹក​ស្រទាប់​ក្រៅ​មូរ ។
ពេល​ប្រមូល​ផល គឺ​ធ្វើឡើង​នៅពេល​ល្ងាច​ត្រជាក់ ហើយ​ស្ងួត​ល្អ ។ ការប្រមូល​ផល​ត្រូវ​យក​កូន​កាំបិត​ចុង​ស្រួច​ដែល​មុត​ល្អ​កាត់​​វា​ដោយ​ទាញ​ ក្តោប​រាង​ផ្តេក​បន្តិច រួច​ហើយ​កាត់​ដោយ​ប្រុងប្រយ័ត្ន ។ ក្រោយ​ពី​កាត់​រួច យើង​ពុំ​ចាំបាច់​បក​ស្រទាប់​ក្រៅ​ច្រើនពេក​ទេ គឺ​គ្រាន់​​តែ​តំរឹម​ឲ្យ​ស្អាត ហើយ​លាប​កំបោរ​ភ្លាមៗ ឬ​សាច់ជូរ​នៅ​មុខកាត់ ដើម្បី​ការពារ​ការចេញ​ជ័រ​ច្រើន ឬ​ឆ្លង​ជំងឺ​ផ្សេងៗ ។ បន្ទាប់មក​យក​វា​ទៅ​​ដាក់​ក្នុង​ម្លប់​ថ្នមៗ ដោយ​មិន​ឲ្យ​ដាក់គ​រលើ​គ្នា​ច្រើន​ពេក​ទេ ជៀសវាង​ការ​ជាំ​នៅ​ខាងក្នុង ។​
២. ការសំអាត​ស្ពៃ​ក្រោយ​ប្រមូល​ផល
​ក្រោយ​ពី​កាត់​ប្រមូល​ផល​រួច កសិករ​ច្រើន​បក​ស្រទាប់​ក្រៅ​ចេញ​ជា​ការសំអាត​លើក​ទី ១ រួច​ទុក​ហាលថ្ងៃ ឬ​ខ្យល់ ទើប​ដឹក​មក​ផ្ទះ​​រួច​សំអាត​លើក​ទី ២ ទៀត ។ ការ​ធ្វើ​របៀប​នេះ នាំឲ្យ​បាត់បង់​ទំងន់​ដោយ​ពន្លឺ​ថ្ងៃ ឬ​ដោយ​ការ​បក​ចោល មាន​ពី ១០ ទៅ ១៥ ភាគរយ ។ ការ​​សំអាត​របៀបនេះ​ត្រូវ​ជៀសវាង គឺ​យើង​គ្រាន់តែ​បកសំបក​បន្តិចបន្តួច ហើយ​ប្រញាប់​យកទៅ​ដាក់​នៅ​កន្លែង​ម្លប់​ត្រជាក់ ដើម្បី​កុំឲ្យ​ហួត​ជាតិ​​ទឹក​បាត់បង់​ទំងន់ ។
៣. ការ​វេច​ខ្ចប់​
កសិករ​ភាគច្រើន ក្រោយពេល​សំអាត​រួច គាត់​យក​បាវ​មក​ច្រកស្ពៃ រួច​លើក​ដាក់​ផ្ទាល់​លើ​ម៉ូតូ រ៉ឺម៉ក ឬ​រថយន្ត​តែ​ម្តង​ដោយ​ពុំ​សូវ​​មានការ​ប្រុងប្រយ័ត្ន ។ តាម​លទ្ធផល​នៅពេល​ដឹក​ដល់​ទីផ្សារ ការខូចខាត​ជាំ​ដុំៗ មាន​ប្រហែល ៨ ទៅ ១០​ភាគរយ ។ ដូច្នេះ​ដើម្បី​ឲ្យ​ការ​វេច​​ខ្ចប់ និង​ដឹកជញ្ជូន​បាន​ល្អ​មិន​បាត់បង់ យើង​អាច​ប្រើ ចំបើង ក្រដាស បាវ ស្លឹកចេក ឬ​ស្លឹក​ឈូក​សំរាប់​ធ្វើជា​ទ្រនាប់ ដើម្បី​កាត់បន្ថយ​ការ​ប៉ះ​​ទង្គិច ។ ឯ​ការដឹកជញ្ជូន គួរ​ដាក់​តាម​ថ្នាក់ៗ​ជៀសវាង​ការដាក់​គរ​លើ​គ្នា ។
៤. ការ​ស្តុក​ទុក​
​កន្លងមក កសិករ​ភាគច្រើន​ពុំ​ដែល​ស្តុក​ស្ពៃក្តោប​ទុក​បាន​យូរ​ឡើយ គឺ​យ៉ាង​យូរ​បាន​តែ ២ យប់​ប៉ុណ្ណោះ​ហើយ​ការបាត់បង់​វិញ​មាន​​ពី ១០ ទៅ ២០ ភាគរយ ។ ក្រោយពី​បាន​សហការ​ជាមួយ​អង្គការ​សេ​ដាក ពួកគាត់​បាន​ធ្វើ​ការសាកល្បង​តាមរបៀប​ពីរ​ផ្សេងគ្នា ។​
របៀប​ទី ១ : ពួកគាត់​បាន​សាកល្បង​ដោយ​យក​ប្លា​ស្ទិក​រុំ​ឲ្យ​ជិត​ស្ពៃ​នោះ ហើយ​មួយទៀត​រក្សាទុក​ធម្មតា​ដោយ​រក្សា​ទុក​នៅ​ក្នុង​ម្លប់ ។​ធ្វើ​របៀប​​នេះ យើង​សង្កេតឃើញថា លទ្ធផល​ស្ពៃ​ដែល​មិន​រុំ​ប្លា​ស្ទិក​អាច​រក្សា​បាន​តែ ៤ ថ្ងៃ​ប៉ុណ្ណោះ ឯ​រុំ​ប្លា​ស្ទិក​វិញ​បាន​រហូត​ដល់ ៦ ថ្ងៃ​ទើប​វា​ចាប់ផ្តើម​​ប្រែ​ពណ៌ និង​រលួយ​ស្រទាប់​ក្រៅ ។
របៀប​ទី ២ : ធ្វើ​ដូច​ខាងលើ​ដែរ គឺ​មួយ​ស្ពៃ​រុំ​ដោយ​ប្លា​ស្ទិក​ហើយ​មួយទុក​ធម្មតា និង​មួយទៀត​មាន​រុំ​ក្រដាស​កាសែត​តែ​លើក​នេះ​យក​វា​ទៅ​ដាក់​​ក្នុង​ធុង​ ត្រជាក់ ហើយ​ប្រោះ​ទឹក ១ ថ្ងៃ ២ ដង (​ព្រឹក​-​ល្ងាច) ជា​លទ្ធផល​ឃើញថា ស្ពៃ​ដែល​រុំ​ប្លា​ស្ទិក អាច​រលួយ​ជាង​វិញ គឺ​អាច​រក្សា​ទុក​បាន​​តែ ១០ ថ្ងៃ​ប៉ុណ្ណោះ ។ ឯការ​ទុក​ធម្មតា អាច​រក្សា​ទុក​បាន ១២ ថ្ងៃ និង​មួយទៀត​ស្ពៃ​ដែល​រុំ​ក្រដាស​នោះ​អាច​ទុក​បាន​យូរ​រហូតដល់ ១៦ ថ្ងៃ ​ដោយ​ពុំ​មាន​ស្រក​ទំងន់​ឡើយ ។
​សរុបមក បទពិសោធន៍​ល្អៗ ក្នុង​ការប្រមូល​ផល​ស្ពៃក្តោប​មាន :
  • សំគាល់​ទៅលើ​អាយុ​ស្ពៃ (៣ ទៅ ៣ ខែ​កន្លះ បន្ទាប់​ពី​ដាំ​)
  • ពិនិត្យ​ទៅលើ​លក្ខណៈ​ក្តោប​របស់​ស្ពៃ (​យកដៃ​ច្របាច់​ទៅ​រឹង​)
  • ប្រមូល​ផល​នៅពេល​ត្រជាក់ ស្ងួត​
  • កាត់​វា​ដោយ​ទាញ​ក្តោប​រាង​ផ្តេក​បន្តិច​
  • ក្រោយ​ពី​កាត់​ហើយ​ត្រូវ​លាប​កំបោរ ឬ​សាច់ជូរ​ភ្លាម​នៅ​មុខកាត់ ដើម្បី​កុំឲ្យ​មេ​រោគចូល​
  • ប្រើ​ចំបើង ក្រដាស បាវ ស្លឹកចេក ឬ​ស្លឹក​ឈូក សំរាប់ធ្វើ​ជា​ទ្រនាប់ ដើម្បី​កាត់បន្ថយ​ការប៉ះទង្គិច​
  • ការដឹកជញ្ជូន​គួរ​ដាក់​តាម​ថ្នាក់ៗ ជៀសវាង​ការ ដាក់​គរ​លើ​គ្នា​
  • ដើម្បី​រក្សា​ស្ពៃ​ទុកឲ្យ​បានយូរ ត្រូវ​យក​ប្លា​ស្ទិក​រុំ​ស្ពៃ​ក្តោប​ឲ្យ​ជិត ដោយ​រក្សា​ទុក​ធម្មតា​នៅ​ក្នុង​ម្លប់ (​រក្សាបាន ៦ ថ្ងៃ​)
  • ដើម្បី​រក្សា​ស្ពៃ​ទុក​បាន​យូរ​ដែរ យើង​យក​ក្រដាស​កាសែត​រុំ​ឲ្យ​ជិត ហើយ​រក្សា​ទុក​ក្នុង​ម្លប់​ធម្មតា៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)

ប្រភព៖itcambo.com
Previous
Next Post »
Post a Comment
Thanks for your comment