ការដាំដុះ- ដំណាំដាំខ្ទឹមខ្យល់


បងប្រុស ទួន ចាន់ ជាកសិកររស់នៅភូមិស្រីជ័យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ គាត់មានបទពិសោធន៍ក្នុងការដាំដំណាំខ្ទឹមខ្យល់បានល្អដោយលើផ្ទៃដី ១០អារ គាត់អាចរកប្រាក់ ចំណូលបានពី ៤ ទៅ ៥លានរៀន ក្នុងមួយឆ្នាំ។ បទពិសោធន៍របស់គាត់ មានបង្ហាញជូនដូច ខាងក្រោម:
១. ការរៀបចំដី
ភ្ជួរដីឲ្យម៉ដ្ឋល្អ ២ ទៅ ៣ដង និងហាលទុករយៈពេលពី ១០ ទៅ ១៥ថ្ងៃ បន្ទាប់មកលើកជារង ដែលមានកំពស់ ១តឹក ដើម្បីការពារកុំឲ្យខ្ទឹមជាំទឹក ។ ក្រោយមកកាប់រណ្តៅជំរៅមួយចប និងទំហំ ១តឹក ៤ជ្រុង យកជីកំប៉ុស្តពុកផុយទៅដាក់ក្នុងរណ្តៅ និងជ្រុំបញ្ចូលជាមួយដីរួចលប់ដី ។ បន្ទាប់មកយកខ្ទឹមស្លឹកទៅដាក់ដាំ ។
២. ការរើពូជ
ខ្ទឹមដែលដាំនេះ គឺគាត់បានទុកពូជតៗគ្នាពី ១ឆ្នាំ ទៅ ១ឆ្នាំ មិនឲ្យផុតពូជ ។ ពូជដដែលគាត់ដាំ គឺខ្ទឹមខ្យល់ព្រោះខ្ទឹមប្រភេទនេះមានទំងន់ធ្ងន់ ពុំមានសត្វល្អិតបំផ្លាញ និងមានទីផ្សារច្រើន ។ គាត់រើយកតែដើមធំ និងថ្លោសល្អ ដើមីឆាប់បែកកូនច្រើន រើយកដើមចាស់ពេលដាំមិនរលួយ និងឆាប់លូតលាស់ ។
៣. ការដាំ
ក្នុងការដាំគាត់បានដកភ្លាមដាំភ្លាម ហើយត្រូវដាំនៅពេលល្ងាចទើបល្អ ព្រោះវាត្រជាក់ និងអាចត្រូវទឹកសន្សើម ជួយឲ្យវាលូតលាស់បានល្អ ។ ដើម្បីឲ្យខ្ទឹមឆាប់លូតលាស់ហើយបែកគុម្ពបានច្រើន គាត់ដាំចន្លោះពីគុម្ពមួយទៅគុម្ពមួយប្រវែង ១-១,២តឹក ដើម្បីឲ្យពន្លឺថ្ងៃចេញចូលបានគ្រប់គ្រាន់ និងដាំរាក់ៗ ។
៤. ការថែទាំ
ក្រោយពីដាំរួចគាត់ធ្វើការស្រោចទឹកក្នុងមួយថ្ងៃ ២-៣ដង គឺនៅពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។ បន្ទាប់ពីដាំបានរយៈពេល ១០ ទៅ ១៥ថ្ងៃ គាត់ធ្វើការបោចស្មៅជ្រុំជើងម្តង និងសកស្លឹកខ្ទឹមដែលចាស់ៗចេញ ។
៥. កាប្រមូលផល
ជាទូទៅក្រោយពីដាំបានរយៈពេល ១ខែ គាត់អាចចាប់ផ្តើមប្រមូលផលខ្ទឹមបាន ។ ក្នុង ១ឆ្នាំ គាត់អាចប្រមូលផលបាន ៦ ទៅ ៨ដង សរយប ២១០០គីឡូក្រាម ក្នុង ១គឺឡូក្រាម គាត់លក់បានតំលៃ ២០០០-៣០០០រៀល ។ ជាមធ្យមក្នុង ១ឆ្នាំ គាត់លក់បានសរុបជាទឹកប្រាក់ ៤.០០០.០០០រៀល ទៅ ៥.០០០.០០០រៀល បន្ទាប់ពីផ្គត់ផ្គង់នៅក្នុងគ្រួសារ និងចែកញាតិជិត ខាង។ លក្ខណៈពិសេសនៅពេលប្រមូលផលម្តងៗ គាត់តែងតែទុកពូជបន្តរហូតមិនឲ្យផុតពូជ ឡើយ ។
៦. ចំណាប់អារម្មណ៍
បងប្រុសមានទឹកចិត្តសប្បាយរីករាយខ្លាំងណាស់ ព្រោះការងារនេះជាអាជីពរបស់គាត់ប្រចាំថ្ងៃ ។ ម៉្យាងទៀតការដាំដំណាំខ្ទឹមនេះអាចរកចំណូលបានច្រើន និងធ្វើឲ្យជីវភាពគ្រួសាររបស់គាត់ធូរធារជាងមុន ។ មិនត្រឹមតែដំណាំខ្ទឹមប៉ុណ្ណោះទេ ក្រៅពីនេះគាត់បានដាំដំណាំផ្សេងទៀត ដូចជា ស្ពៃ ឆៃថាវ ត្រសក់ ឪឡឹក ៘
1ណត់សម្គាល់បន្ថែមពីអ្នកនិពន្ធ :
  • គួរកុំស្រោចទឹកពេលថ្ងៃត្រង់ ពីព្រោះជាពេលដែលរុក្ខជាតិត្រូវបញ្ចេញទឹកច្រើនពីស្លឹក
  • យកល្អគួរកុំដាំខ្ទឹមខ្យល់នេះលើដី ឬរងដដែលយូរពេក គួរឆ្លាស់ជាមួយដំណាំផ្សេងទៀត ក្នុង១ឆ្នាំ ឲ្យបាន ២ ទៅ ៣ដង ។
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
ប្រភព៖itcambo.com
Previous
Next Post »
Post a Comment
Thanks for your comment