ការដាំដុះ- ដំណាំសណ្តែកដី​


សណ្តែកដី ចាត់​ចូលក្នុង​អំបូរ Leguminosea ដែល​មាន​ឈ្មោះ​វិទ្យាសាស្ត្រ Aarachis hypogeae L. ។ សណ្តែកដី​មាន​សារប្រយោជន៍​ច្រើនយ៉ាង និង​មាន​ជាតិ​ប្រេង​ខ្ពស់​ជាង​ដំណាំ​ក្នុង​អំបូរ​សណ្តែក​ផ្សេងៗ​ទៀតហើយ​ដែល​ មាន​រហូត​ដល់ ៤០-៦០ ភាគរយ ។ នៅក្នុង​ប្រទេស​កម្ពុជា ដំណាំ​សណ្តែកដី​ត្រូវបាន​កសិករ​ដាំ​ជា​ដំណាំ​រួមផ្សំ​តែប៉ុណ្ណោះ ដូចនេះ​ផ្ទៃដី​ដាំ​ដុះ​សណ្តែកដី​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អាស្រ័យ​តាម​តម្រូវការ​ទីផ្សារ ។ ក្នុង​ឆ្នាំ ២០០៣-២០០៤ ផ្ទៃ​ដី​ដាំ​ដុះ​សរុប​មាន​ប្រហែល ១៥.០០០ ហិកតា ដែល​មាន​ទិន្នផល​ជា​មធ្យម ០.៧៣ តោន​/​ហិកតា ។​
១. ពេលវេលា​ដាំ​ដុះ
ចំពោះ​ការដាំដុះ​នៅ​ដើម​រដូវវស្សា គឺ​ត្រូវ​លៃ​យ៉ាងណា​ឲ្យ​ពេល​ប្រមូល​ផល​ផុត​រដូវភ្លៀង ។ នៅតាម​តំបន់​ទន្លេ​គេ​ច្រើន​ដាំ​ចាប់ពី​ខែ​មេសា ឬ​ខែ​ឧសភា​និង​នៅ​ពេល​ទឹក​ស្រក​គឺ​ចាប់ពី​ខែតុលា​-​វិ​ចិ្ជ​កា ។ សម្រាប់​តំបន់​ខ្ពង់រាប​គេ​អាច​ដាំ​នៅ​ខែ​កក្កដា ។ ពេលវេលា​ដាំ​ដុះ​អាច​ខុសគ្នា​ពី​នេះ អាស្រ័យ​ទៅតាម​តំបន់​និង​ប្រភេទ​ពូជ ។​
២. ការរៀបចំ​ដី​
ត្រូវ​រៀបចំ​ដី​ឲ្យ​រួចរាល់​សិន​មុន​ពេល ​ដាំ​ហើយ​ដី​ត្រូវ​មាន​សភាព​សើម​ល្មម ។ យើង​ត្រូវ​ជ្រើសរើស​ប្រភេទ​ដីល្បាយខ្សាច់​ដែលជា​ដីធូ​ផុស​ល្អ ស្រស់ទឹក​ល្អ​និង​មិន​ជាំទឹក ដើម្បី​ឲ្យ​ដំណាំ​ចុះ​មើម​បានល្អ និង​មិន​រលួយ ។ ការរៀបចំ​ដី គឺ​ត្រូវ​ភ្ជួរ​ដី​ឲ្យបាន ២-៣ ដង និង​មាន​ជម្រៅ​ពី ១៥-២០ ស​.​ម ។ ចំពោះ​ការដាំ​លើ​ដី​ដែល​ជា​ប្រភេទ​ដីឥដ្ឋ ទាមទារ​ការ​រា​ស់ដី​ឲ្យបាន​ហ្ម​ត់​ល្អ និង​ត្រូវមាន​ប្រព័ន្ធ​រំដោះ​ទឹក​ចេញ​ពេល​ភ្លៀង​ខ្លាំង ។ ជាទូទៅ ការដាំ​លើ​ដីឥដ្ឋ​មិនសូវ​បាន​ផល​ល្អ​ដូច​ការដាំ​លើ​ដីល្បាយខ្សាច់​ទេ។​
៣. ការជ្រើសរើស​ពូជ​
ត្រូវ​ជ្រើសរើស​ពូជ​សណ្តែកដី​ណា​ដែល​មាន ​ទិន្នផល​ខ្ពស់ អាយុកាល​ខ្លី​ធន់​នឹង​ជម្ងឺ និង​មាន​តំលៃ​នៅលើ​ទីផ្សារ ។ ចំណែក​គ្រាប់​ពូជ​ត្រូវ​ជ្រើសរើស​គ្រាប់​ពូជ​ដែល​មាន​ភាព​សុទ្ធ​ល្អ អាត្រា​ដំណុះ​ខ្ពស់ ថ្លោស​ល្អ​មិន​ស្វិត និង​មិន​មាន​ការបំផ្លាញ​ពី​សត្វល្អិត ។​
៤. វិធី​ដាំ​
ក្នុង​ ការដាំដុះ​សណ្តែកដី គេ​អាច​អនុវត្តបាន​ច្រើន​របៀប​ផ្សេងគ្នា​អាស្រ័យ​ទៅតាម​ប្រភេទ​ពូជ​ធ្ងន់ ឬ​ស្រាល ដូច​មាន​ក្នុង​តារាង​ខាងក្រោម ។​
ប្រភេទ​ពូជ (អាយុកាល​)
របៀប​ដាំ
ចន្លោះ​ជួរ x ចន្លោះ​គុម្ព
(ស​.​ម​)
គ្រាប់​/​គុម្ព
ជម្រៅ​ដាំ (ស.ម​)
ចំនួន​ដើម/​
ហ​.​ត (​ដើម​)​
ស្រាល
(៩០-១២០ ថ្ងៃ​)
បុករណ្តៅ
៨០x៣០​ឬ​៣៥x១៧​ឬ​៤០x១៥
២​
៥-៦​
៤១៦២៥-
១៦៧៥៨០
ឆូត​ចង្អូរ
៤០x១០​ឬ​៣៥x៨​ឬ​៣០x១០
២៥០.០០០-៣៣៣.៣០០
​ធ្ងន់
(១៥០-១៧០ ថ្ងៃ)
ឆូត​ចង្អូរ
៥០x២០​ឬ​៤០x៣០​
៨៣.២៥០-
១០០.០០០
៥. ការប្រើប្រាស់​ជី
​ការប្រើប្រាស់​ជី​គី​មីរួមផ្សំ​ជាមួយ​ ជីធម្មជាតិ​លើ​ដំណាំ​សណ្តែកដី គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ដី ។ ចំពោះ​ដីល្បាយខ្សាច់ (​ដី​ព្រៃ​ខ្មែរ ដី​ប្រទះ​ឡាង​) ប្រើប្រាស់​ជីអ៊ុយរ៉េ ១២៤ គ​.​ក ជី DAP ៩៥ គ​.​ក និង​ជី KCI ៣៧ គ​.​ក ក្នុង​មួយ​ហិកតា ។ ចំណែក​ដីល្បាប់ ឬ​ដីឥដ្ឋ (​ដី​កំពង់សៀម ដី​ឡា​បាន​សៀក ដី​ទួល​សំរោង ដី​កៀនស្វាយ​) ប្រើប្រាស់​ជីអ៊ុយរ៉េ ១៧៤ គ​.​ក ជី DAP ១០៧ គ​.​ក និង​ជី KCI ៤៥ គ​.​ក ក្នុង​មួយ​ហិកតា ។ ដោយ​ប្រើប្រាស់ ១០០ ភាគរយ​នៃ P និង ៥០ ភាគរយ​នៃ N និង K សម្រាប់​ទ្រាប់​បាត​ពេល​ដាំ​ចំណែក N និង K ដែល​នៅសល់ ៥០ ភាគរយ​ទៀត​សម្រាប់​បំប៉ន​ពេល​សណ្តែកដី មាន​អាយុ ៣-៤ សប្តាហ៍ ។​
៦. ការថែទាំ និង​ការ​កំចាត់​ស្មៅ
ការជម្រះ​ស្មៅ​ត្រូវ​ធ្វើ​មុន​ពេល​ដាក់​ ជី ។ នៅ​មុន​ពេល​សណ្តែក​ចេញ​ផ្កា ត្រូវធ្វើ​ស្មៅ​ម្តងទៀត និង​ពូន​គល់​ផង ដើម្បី​ពន្លូញ​ផ្កាចា​ក់​ចូល​ក្នុង​ដី​បាន​ច្រើន និង​ធ្វើឲ្យ​មើមក​កើតបាន​ច្រើន​ផង​ដែរ ។ នៅពេល​សណ្តែក​អាយុ​បាន​បី​ខែ ត្រូវ​បញ្ឈប់​ការធ្វើ​ស្មៅ ព្រោះ​វា​នឹង​នាំឲ្យ​ប៉ះពាល់​ដល់​មើម​ក្នុង​ដី ។​
៧. ជំងឺ និង​សត្វល្អិត​ចង្រៃ​
ជម្ងឺ​: មាន​ជម្ងឺ​ជាច្រើន​ដែល​កើត​លើ​ដំណាំ​សណ្តែកដី តែ​ជម្ងឺ​ដែល​អាច​ធ្វើឲ្យ​មាន​ការបាត់បង់​ទិន្នផល​ខ្លាំង គឺ​ជម្ងឺ​អុត​ស្លឹក និង​ច្រែះ​ដែក ដែល​បង្កឡើង​ដោយ​ផ្សិត ជម្ងឺ​រលួយ​ត្រួយ និង​រលាក​កូន​ដំណាំ ជម្ងឺ​វីរុស​ឆ្នូត និងណេក្រូ​ស៊ី​សលើត្រួយ ជា​ជម្ងឺ​បង្កឡើង​ដោយ​វីរុស ។ គេ​អាច​បង្កា​ជម្ងឺ​វីរុស​ឆ្នូត ដោយ​ការប្រើ​គ្រាប់​ពូជ​ដែល​គ្មាន​ជម្ងឺ ចំណែក​ជម្ងឺ​ណេ​ក្រូ​ស៊ី​សលើត្រួយ គេ​អាច​បង្កា​ដោយ​ប្រើ​ការដាំដុះ​ទាន់ពេលវេលា និង​ចន្លោះ​គុម្ព​ជិតគ្នា ។​
សត្វល្អិត​ចង្រៃ​: គេ​សង្កេតឃើញ​មាន​ពពួក​ស្រមោច ដែល​ពេល​ខ្លះ​អាច​បំផ្លាញ​ទិន្នផល​សណ្តែកដី​ដោយ​ផ្ទាល់​តាមរយៈ​ការ​ស៊ី​ បំផ្លាញ​កូន​របស់​សណ្តែក ។ គេ​អាច​កំចាត់​វា​ដោយ​បាញ់ថ្នាំ​ក្លូ​ពិរី​យ៉ូស (Chlopirios) នៅ​រយៈពេល ១០ ថ្ងៃក្រោយ​ចេញ​ផ្កា ។ ពពួក​ដង្កូវ​ស៊ី​ញ៉េ មមា​ច ទ្រី​ប និង​ចៃ បង្ក​ការបំផ្លាញ​ដោយ​ប្រយោល​លើ​ដំណាំ ។ ឧទាហរណ៍ ទ្រី​ប និង​ចៃ​ជា​ភ្នាក់ងារ​ចម្លង​ជម្ងឺ​វីរុស ។ គេ​អាច​កំចាត់​វា​បាន​ដោយ​ប្រើ​ថ្នាំ​កាបូ​ស៊ុល​ហ្វាន ២០ ភាគរយ EC (Carbosulfan 20% EC ) ក្នុង​កម្រិត ៤០ ម​.​ល លាយ​ទឹក ២០ លីត្រ ។​
៨. ការប្រមូល​ផល​
ដំណាំ​សណ្តែកដី​ដែល​ទុំ​ល្មម​អាច​ប្រមូល ​ផល​បាន គឺ​នៅ​ពេល​ដែល​ដើម​ចាប់ផ្តើម​ស្រ​ពោន ហើយ​ស្លឹក​ប្រែ​ពណ៌​លឿង​ហើយ​ជ្រុះ និង​ផ្នែក​ខាង​ក្នុងនៃ​សំបក​មាន​ពណ៌​ត្នោត ។ ការប្រមូល​ផល​មិន​ត្រូវ​យឺតយ៉ាវ​ទេ ព្រោះ​វា​ធ្វើឲ្យ​បាត់បង់​គុណភាព និង​បរិមាណ​ដោយ​ដី​រឹង​ពិបាក​ប្រមូល​ផល ។ ការប្រមូល​ផល​ឆាប់​ពេក​ក៏​មិន​ល្អ​ដែរ ព្រោះ​វា​បណ្តាល​ឲ្យ​ផ្លែ​ឆាប់​ខូច កម្រិត​ជាតិ​ប្រេង​តិច និង​ទិន្នផល​ទាប ។ យើង​អាច​ដក​ដោយ​ដៃ ឬ​ប្រើ​នង្គ័ល​ភ្ជួរ​ដើម្បី​ប្រមូល​ផល ។ ការប្រមូល​ផល​ដោយ​ប្រើ​នង្គ័ល មាន​ភាព​ឆាប់រហ័ស​ហើយ​មើម​ដែល​សល់​ក្នុង​ដី​ក៏មាន​តិចតួច​ដែរ ។ ការប្រមូល​ផល​ដោយ​ដៃ ចំណាយ​ពេល​យូរដែល​នាំ​ឲ្យ​ដី​ចាប់ ផ្តើម​រឹង​មុន​ពេល​ប្រមូល​ផល​ចប់ ។​
៩. ការ​ទុកដាក់​ក្រោយពេល​ប្រមូល​ផល​
ត្រូវ​ហាល​សណ្តែកដី​ដែល​ទើប​ដក​ហើយ​ដោយ​ ផ្ងារ​គល់​ឡើង​លើ ក្នុង​រយៈពេល ៤-៥ ម៉ោង បើ​កម្តៅ​ថ្ងៃខ្លាំង តែបើ​ក​កម្តៅ​ខ្សោយ​ត្រូវ​ហា​លពី​មួយ​ទៅ​ពីរ​ថ្ងៃ ។ បន្ទាប់មក ត្រូវ​គរ​ជា​ពំនូក​ដើម្បី​ឲ្យ​ស្ងួត​យឺតៗ ។ នៅពេល​ស្ងួត​ល្មម​ហើយ ត្រូវដាក់​គរ​លើរាន​ខ្ពស់​ផុតពី​ដី ។ មិន​ត្រូវ​ទុក​សណ្តែកដី​ក្រោម​ពន្លឺព្រះអាទិត្យ​យូរ​ជាង​ពីរ​ថ្ងៃ​បន្ទាប់​ ពី​ប្រមូល​ផល​នោះទេ ។ បើ​នៅ​សើ​ម ឬ​បន្ទាប់​ពី​ត្រូវ​ភ្លៀង មិន​ត្រូវ​គរ​ទេ ព្រោះ​ដើម​និង​ស្លឹក​របស់​វា​អាច​រលួយ ។ ត្រូវ​សម្អាត​ឃ្លាំង ឬ​ជង្រុក​ឲ្យបាន​ល្អ រួច​ហើយ​ធ្វើ​ការសម្លាប់​មេរោគ​ក្នុង​ឃ្លាំង ។ មើម​សណ្តែក​ត្រូវ​ទុក​ទាំង​សំបក ដើម្បី​ការពារ​សត្វល្អិត ។​

ប្រភព៖itcambo.com
Previous
Next Post »
Post a Comment
Thanks for your comment